ប្រទេសថៃ ជួបហេតុការណ៍រន្ធត់ និងរឿងហេតុអាក្រក់ៗ ម្តងហើយម្តងទៀតមិនចេះចប់។ ជាក់ស្តែងកាលពីល្ងាចថ្ងៃសៅរ៍ ទី១៦ ខែឧសភា គ្រោះកាចរថភ្លើងដឹកទំនិញ បុកគ្នាជាមួយរថយន្តក្រុងសាធារណៈ នៅទីក្រុងបាងកក បានផ្តាច់ជីវិតមនុស្សចំនួន ៨នាក់ និងរបួស ៣២នាក់ ហើយឥឡូវ ការធ្វើតេស្ត ចេញលទ្ធផលមកថា អ្នកបើករថភ្លើង គឺជាមនុស្សញៀនថ្នាំ។
សារព័ត៌មាន The Nation បានផ្សាយនៅថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយដកស្រង់ប្រភពពីប៉ូលិស ដែលបញ្ជាក់ថា អំឡុងពេលនៃការស៊ើបអង្កេត អ្នកបើករថភ្លើង ត្រូវបានរកឃើញ មានផ្ទុកសារធាតុញៀននៅក្នុងខ្លួន ហើយពេលនេះ កំពុងពិនិត្យបន្ថែម និងរៀបចំអនុវត្តនីតិវិធីច្បាប់ផ្សេងៗ។

អ្នកបើករថភ្លើង ក៏រងការចោទប្រកាន់ថា ធ្វេសប្រហែស និងមិនអើពើនឹងការព្រមានផងដែរ ទោះមានការជូនដំណឹង ជាបន្តបន្ទាប់ក៏ដោយ ដែលជាលទ្ធផល បណ្តាលឲ្យមានមនុស្សស្លាប់។
មិនមែនតែអ្នកបើករថភ្លើងឡើយ ក្រុមអ្នកស៊ើបអង្កេត ក៏កំពុងពិនិត្យមើល លើការបំពេញការងាររបស់បុគ្គលិកពាក់ព័ន្ធទាំងអស់ រួមមាន បុគ្គលិកផ្លូវដែក និងអ្នកបើកបររថយន្តក្រុង ដើម្បីរកឲ្យឃើញថា ពួកគេមានកំហុសអ្វីខ្លះ ដែលឈានដល់ការកើតមាន សោកនាដកម្មបែបនេះ៕
ប្រភព៖ ពីប្រទេសថៃ
