ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ត្រូវបានប្រកាសចូលកាន់តំណែងជា អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ចំណែកលោកឧត្តមសេនីយ៍ត្រី សឿម សារឹទ្ធ ត្រូវបានប្រកាសចូលកាន់តំណែងជាស្នងកានៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃពុធនេះ។

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនេះ ត្រូវបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូអមដំណើរ ស្នងការរង អធិការគ្រប់ក្រុងស្រុក មេបញ្ចាការវរសេនាតូចទាំង៤ តំណាងមន្ទីរ ស្ថាប័ន ជាវិញខេត្តជាច្រើននាក់។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងអស់រយ:ពេល៦ឆ្នាំកន្លងមក របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ សម្រេចបានស្នាដៃ និងសមិទ្ធផលជាច្រើនគួរជាទីមោទន:។ ឯកឧត្តម ក៏បានផ្តាំផ្ញើរនិងដាក់ចេញផែនការដល់លោកស្នងការថ្មី ដែលទើបប្រកាសចូលកាន់តំណែង ត្រូវបន្តគ្រប់គ្រងកម្លាំងឲ្យបានល្អ ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម, បន្តស្រាវជ្រាវបោសសម្អាតបទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង ពិសេសត្រូវសហការជាមួយ អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ បង្ការ បង្ក្រាប បទល្មើសអនឡាញស្គែម(Online Scame) ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានប្រសិទ្ធភាព៕

Leave a Reply

Your email address will not be published. Required fields are marked *