ពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦

មន្ទីរអប់រំយុវជននិងកីឡាខេត្តឧត្ដរមានជ័យ បានរៀបចំពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា២០២៥-២០២៦  ក្រោមអធិបតីភាពលោក ម៉េត មាសភក្តី អភិបាលរងខេត្ត តំណាង ឯកឧត្ដម មាន ចាន់យ៉ាដាអភុបាលខេត្តឧត្ដរមានជ័យ  ដែលពិធីនេះប្រព្រឹត្តធ្វើឡើងនៅបរិវេណទីលានបាល់ទាត់ វិទ្យាល័យសំរោង ដោយមានសមាសភាពចូលរួមយ៉ាងច្រើនកុះករផងដែរ នារសៀលថ្ងៃទី១៦ខែមីនាឆ្នាំ២០២៦នេះ។

បើតាមរបាយការណ៍ លោកបុិច រតនា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត បានលើកឡើងការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា២០២៦នេះគឺមាន០៤វិញ្ញាសា រួមមាន
១.បាល់ទាត់ (បុរស-នារី)
២.បាល់ទះ (បុរស-នារី)
៣.អត្តពលកម្ម (បុរស-នារី)
៤.ប៊ូល – ប៉េតង់ (បុរស-នារី)
ជាលទ្ធផល
-វិញ្ញាសាផ្នែកអត្តពពកម្ម ចំណាត់ថ្នាក់លេខ១ បានទៅលើ កីឡាករមកពីក្រុងសំរោង
-វិញ្ញាសាប៉េតង់ និងប៊ូល ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ មកពីស្រុកចុងកាល់
-វិញ្ញាសាបាល់ទះ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាករ  ក្រុងសំរោង
-និងវិញ្ញាសាបាល់ទាត់ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាករ ក្នុងក្រុងសំរោង។

លោក ម៉េត មាសភក្តី បានលើកឡើងថាការប្រកួតកីឡា គឺជាការជួបជុំគ្នាពីមជ្ឈដ្ឋានសង្គម ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងន័យសាមគ្គីភាព និងចេះអធ្យាស្រ័យរួបរួមគ្នា។យ៉ាងណាម៉ិញ «កីឡាមានសារៈសំខាន់ណាស់ក្នុងការជួយឱ្យយើងមានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ ហើយលើសពីការចាញ់ឈ្នះ គឺការបង្កើតនូវមិត្តភាព និងសាមគ្គីភាពរវាងក្រុមនិងក្រុម រវាងបុគ្គលនិងបុគ្គល ដែលជាគ្រឹះនៃសុខដុមរមនាក្នុងសង្គម»

លោកអភិបាលរងខេត្ត ក៏បានអំពាវនាវដល់សិស្សានុសិស្ស កីឡាករ-កីឡាការិនីទាំងអស់ សូមបន្តខិតខំហ្វឹកហាត់ជាប្រចាំ មិនត្រូវបោះបង់ចោលនូវទេពកោសល្យរបស់ខ្លួននោះឡើយ ទោះជាទទួលបានជ័យលាភី ឬមិនទាន់ទទួលបានជ័យលាភីក្នុងពេលនេះក៏ដោយ ជាពិសេសត្រូវជៀសចេញឱ្យឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ដោយត្រូវយកពេលវេលាទំនេរមកលេងកីឡាដើម្បីពង្រឹងកាយសម្បទា និងបញ្ញាស្មារតីផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *