នគរបាលស្រុកព្រះនេត្រព្រះ ឃាត់ខ្លួនក្មេងទំនើង៣នាក់ ដកហូតបានកាំបិត៦ដើម យកមកសួរនាំ និងអនុវត្តតាមនីតិវិធី

បន្ទាយមានជ័យ៖អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ បានចាត់តាំងកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលជប់វារី ចុះល្បាតត្រួតពិនិត្យក្នុងភូមិសាស្រ្តភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ដើម្បីតពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ បានស្ទាក់ឃាត់ក្រុមក្មេងទំនើង ចំនួន៣នាក់ ជាមុខសញ្ញាពាក់ព័ន្ធជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ។

លោកអធិការនគរបាលស្រុកព្រះនេត្រព្រះ លោកវរសេនីយ៍ទោ ទេព រដ្ឋា បានឲ្យដឹងថា÷ជនសង្ស័យទាំង៣នាក់រួមមាន១-ឈ្មោះ ឃ្លិញ រ៉ានេត្រ ហៅយុ ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ នៅភូមិប៉ោយសំរោង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ២- ឈ្មោះស៊ុយ សំណាង ហៅភា ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ នៅភូមិប៉ោយក្តឿង ឃុំ-ស្រុកព្រះនេត្រព្រះ ៣- ឈ្មោះយាន ផានិត ហៅធូ ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ នៅភូមិក្បាលដំរី ឃុំត្រពាំងខ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ មុនឃាត់ខ្លួនឈ្មោះ ឈ្មោះឆយ ភក្ត្រា ហៅត្រា ភេទប្រុស អាយុ២៣ឆ្នាំ (មុខសញ្ញាលក់ចែកចាយថ្នាំញៀន) បានធ្វើសកម្មភាពណាត់ជួបមនុស្ស៥នាក់ ពេលឃើញសមត្ថកិច្ចពួកគេបានរត់គេចខ្លួន២នាក់ និងឃាត់ខ្លួនបានជាក់ស្តែង៣នាក់ និងធ្វើតេសទឹកនោម លទ្ធផលបង្ហាញថា វិជ្ជមានទាំង៣នាក់ ជាមួយនោះដកហូតបាន កាំបិតវែងខ្លី៦ដើម និងម៉ូតូ២គ្រឿង។

នគរបាលបានបញ្ជាក់ថា÷បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ សួរនាំ និងមានចំណាត់ការបន្តតាមនីតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *