
នាថ្ងៃទី១៩-២០ ខែមីនា ឆ្នាំ២០២៦, ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការនៃគ.ជ.ព. និង ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មការនៃគ.ជ.ព ព្រមទាំងលោកជំទាវ ប៉ែន សុមេធា រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការនៃគ.ជ.ព. ដោយមានការចូលរួមពីឯកឧត្ដម អ៉ិន វ៉ានវិបុល អនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងឯកឧត្តម មាស សុភក្កិ អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងជាសមាជិកនៃគ.ជ.ព ព្រមទាំងក្រុមការងារនៃគ.ជ.ព បានចុះតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងជំរុញការអនុវត្តយុទ្ធនាការដោះស្រាយសំណុំរឿងសល់ច្រើនកំពុងចាត់ការ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល ដោយទទួលបានការស្វាគមន៍ និងកិច្ចសហការពីសំណាក់ ឯកឧត្ដមប្រធានសាលាដំបូង ឯកឧត្ដមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង លោកអនុប្រធាន លោក លោកស្រី ចៅក្រម ក្រឡាបញ្ជី ប្រធាន និងអនុប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តកណ្តាល។

ក្នុងជំនួបនេះផងដែរ, ឯកឧត្តមប្រធាន គ.ជ.ព. បានទទួលយកនូវការរាយការណ៍អំពីវឌ្ឍនភាពការងារ ចំណុចដែលជាយុទ្ធសាស្ត្រក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការផ្ទៃក្នុងទាំងផ្នែករដ្ឋបាល និងបច្ចេកទេសសំណុំរឿង ពិនិត្យបញ្ហាប្រឈម និងរកដំណោះស្រាយលើសំណុំរឿងសល់ច្រើនកំពុងចាត់ការ។
ជាលទ្ធផលនៃកិច្ចប្រជុំ ឯកឧត្តមប្រធាន គ.ជ.ព.បានកត់សម្គាល់ដោយយកចិត្តទុកដាក់អំពីចំណុចដែលជាបញ្ហាប្រឈម និងបានផ្តល់ជាអនុសាសន៍គន្លឹះមួយចំនួន ដេីម្បីឱ្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្ដាល យកធ្វើជាដំណោះស្រាយក្នុងការអនុវត្តចំណាត់ការសំណុំរឿងឱ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ។
